​យុវជនកម្ពុជា ជៀន​ ហ្វីលីព ​ដែលមាន​វ័យ​១៣​ឆ្នាំ បច្ចុប្បន្ន​កំពុង​ហាត់​ជាមួយ​ក្រុម F.C.M GARGES ​នៅ​បារាំង មាន​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ប្រទេស​បារាំង ដែលកំពុងធ្វើអោយក្លិបយក្សរបស់លីគកំពូលបារាំងចំនួន៣ មានការចាប់អារម្មណ៍ និងកំពុងទាក់ទងមកកាន់រូបគេ។

ក្លិប​នៅ​លីគ​កំពូល​ប្រទេស​បារាំងដែលកំពុងមានការចាប់អារម្មណ៍មកលើកីឡាកររូបនេះ មាន​ដូចជា Stade De REIMS, Nantes ​និង​ Lille ដែលកំពុងតែមានវត្តមាននៅក្នុងលីគកំពូលរបស់បារាំង។

ថ្វីត្បិតតែមានការចាប់អារម្មណ៍ពីសំណាក់ក្លិបអាជីពជាច្រើនមែនពិត តែពុក​របស់​គេ​ឈ្មោះ​ថា សឹង​ សុភ័ណ្ឌ​ (ហៅដឺ) ​មាន​ស្រុក​កំណើត​នៅ​ភូមិស្វាយ​គយ​ ឃុំពន្លៃ​ ស្រុកបរិបូណ៌​ ខេត្តកំពង់ឆ្នាំង ​បាន​នឹង​កំពុង​ពិចារណា​ចំពោះ​អនាគត​របស់​កូន​ខ្លួន ​ថា​តើ​គួរ​ទៅ​លេង​នៅ​ឯ​ណា ​នៅ​ពេល​មាន​ក្លិប​ច្រើន​ចង់​បាន​ដូច្នេះ។ ស្រប​ពេល ហ្វីលីព ​វិញ​នៅ​ក្មេង ​ខ្លាច​គេ ​មិន​ទាន់​រឹងមាំ ​និង​សាមី​ខ្លួន​មិន​ចង់​រស់​នៅ​ឆ្ងាយ​ពី​គ្រួសារ​នៅ​ឡើយ។ ប្រសិន​បើ រូបគេ​បន្ដ​ធ្វើ​បាន​យ៉ាង​ល្អ​ដូច្នេះ​ទៀត ​ហើយ​អាច​មាន​ឱកាស​បាន​ទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម​ធំ​ៗ ​អនាគត​ប្រាកដ​ជា​ល្អ​មិន​ខាន។