William Saliba
ខ្សែការពារ William Saliba

ក្លិប Arsenal បានប្រកាសពីការចុះហត្ថលេខាជាមួយនឹង William Saliba ពីក្លិប Saint-Etienne កាលពីថ្ងៃព្រហស្បតិ៍ ក្នុងតម្លៃខ្លួន២៧លានផោន (ស្មើនឹង៣៤លានដុល្លារអាមេរិក) ខណៈដែលការផ្ទេរនេះ បានកើតឡើងភ្លាមៗ ក្រោយពីការប្រកាសពីការនាំយកខ្សែបម្រើ Dani Ceballos ពីក្លិប Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើង។

ខ្សែការពារ Saliba វ័យ ១៨ឆ្នាំ នឹងចំណាយពេលនៅរដូវកាលក្រោយក្នុងនាមជាកីឡាករកម្ចី នៅឯក្លិប Ligue 1 នៅមុនពេលចូលរួមជាមួយនឹងក្រុមកាំភ្លើងធំនៅឆ្នាំក្រោយ។ Saliba គឺជាកីឡាករចំណូលថ្មីទី២ ដែលត្រូវបានប្រកាសនៅត្រឹមចន្លោះពេលតែ២ម៉ោង ដោយក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ បន្ទាប់ពីការនាំយក Ceballos ក្នុងលក្ខខណ្ឌខ្ចីជើងពេញ១រដូវកាល។ Arsenal ត្រូវបានគេជឿជាក់ថា បានចាប់ផ្តើមលើកឡីាករវ័យក្មេងរូបនេះ ជាយូរមកហើយ ប៉ុន្តែ ទីបំផុត ពួកគេបានសម្រេចបំណងរបស់ខ្លួនហើយ។

William Saliba
William Saliba

Ceballos ត្រូវបានរំពឹងទុកថា នឹងបំពេញកន្លែងទំនេរដែលត្រូវបានបន្សល់ទុកដោយខ្សែបម្រើ Aaron Ramsey ក្នុងក្រុម Arsenal របស់លោក Unai Emery ក្រោយពីការផ្ទេររបស់តារាឆ្នើមអន្តរជាតិវេលស៍រូបនេះទៅកាន់ក្លិប Juventus ក្នុងពេលបញ្ចប់កិច្ចសន្យារបស់គេ។ លោក Emery បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងពិតជារំភើបណាស់ក្នុងការនាំយក Dani មកចូលរួមជាមួយនឹង។ រូបគេជាកីឡាករដ៏មានទេពកោសល្យម្នាក់ ដែលមានសមត្ថភាពបច្ចេកទេស ការច្នៃប្រឌិត និងកម្រិតនៃគុណភាពដ៏អស្ចារ្យ»៕