ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គ្រោងនឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ នៅថ្ងៃទី០៧ ខែមីនាខាងមុខ ពោលគឺត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ មុនក្រុមរហស្សនាមគោព្រៃកម្ពុជា ត្រូវជួបប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិ បង់ក្លាដេស នាថ្ងៃទី០៩ ខែមីនា ចុងសប្ដាហ៍នេះ។ នេះបើតាមការទម្លាយឲ្យដឹងរបស់អ្នកស្និទ្ធស្នាល នឹងក្រុម ជម្រើសជាតិកម្ពុជា ។

ប្រភពខាងលើ បានបញ្ជាក់ថា ការអូសបន្លាយពេលវេលាប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិកម្ពុជានេះ ដោយ សារកីឡាករស្ទើរ ១០០% សុទ្ធតែជាសមាជិកក្រុម U22 កម្ពុជា ដែលទើបបញ្ចប់បេសកកម្មធ្វើម្ចាស់ផ្ទះពាន AFF U22 Championship 2019 កាលពីពេលថ្មីៗ ហេតុនេះហើយទើបគ្រូបង្វឹកលោក Felix Dalmas ផ្ដល់ឱកាសឲ្យពួក គេសម្រាកយូរ មុនកោះហៅចូលប្រមូលផ្ដុំក្រុមជម្រើសជាតិឡើងវិញ។

អ្វីដែលពិសេស ការប្រកួតមិត្តភាពអន្ដរជាតិជាមួយបង់ក្លាដេសនេះដែរ ក៏ជាការតេស្ដសមត្ថភាពមួយ សម្រាប់ លោក Felix Dalmas ក្នុងការសម្រេចចិត្តជ្រើសរើសកីឡាករជម្រើសជាតិយុវជនក្រោមអាយុ ២៣ឆ្នាំកម្ពុជា សម្រាប់ត្រៀមបើកទ្វារផ្ទះស្វាគមន៍ការប្រកួតជម្រុះពានរង្វាន់ AFC U23 Championship 2020 ប្រចាំពូល H ជាមួយក្រុមខ្លាំងកូរ៉េខាងត្បូង, អូស្រា្ដលី និងឆាយនីសតៃប៉ិ ចាប់ពីថ្ងៃទី២២-២៦ ខែមីនា ចុងខែនេះផងដែរ។

ចំពោះការប្រកួតមិត្តភាពជាមួយបង់ក្លាដេស នឹងចាប់ផ្ដើមនាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី០៩ ខែមីនា ខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ ខណៈសំបុត្រចូលទស្សនា គឺមានតម្លៃ ១០,០០០រៀល និង ៥,០០០រៀល។ ជំនួបមិត្តភាពក្រោយខកខានជួបគ្នារយៈពេល ១០ឆ្នាំ រវាងកម្ពុជា និងបង់ក្លាដេសនេះ ក៏នឹងមាន ការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ៕