photo of ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាលក្ខណៈមិត្តភាពជាមួយក្រុមជម្រើសជាតិឡាវ នៅទីក្រុងវៀងចន្ទន៍ នាថ្ងៃទី២១ ខែមីនាខាងមុខ ដែលជាការកម្ដៅសាច់ដុំ ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតផ្លូវការ និងជាការប្រកួតបង្គ្រប់កិច្ចចុងក្រោយក្នុងវគ្គជម្រុះពូលC នៃពានរង្វាន់ AFC Asian Cup 2019 ជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នៅ TAJIKISTAN នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ។

photo of លោក ប្រាក់ សុវណ្ណារ៉ា
លោក ប្រាក់ សុវណ្ណារ៉ា

លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានឲ្យដឹងថា ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជារដូវកាលថ្មី លោកនឹងបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិផ្លូវការដើម្បីត្រៀមការប្រកួតមិត្តភាពជាមួយឡាវ និងប្រកួតផ្លូវការជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ។ ប៉ុន្ដែតាមគម្រោងក្រុមគោព្រៃកម្ពុជា ទំនងគ្មានការប្រកួតមិត្តភាពជាមួយក្រុមណាផ្សេងក្រៅពីក្រុមជម្រើសជាតិឡាវឡើយ ។

ហើយលោក បានបញ្ជាក់ថា ចំពោះការប្រកួតជាមួយក្រុមអាហ្វហ្គានីស្ថាននាចុងខែមីនា ថ្វីត្បិតជាការប្រកួតបង្គ្រប់កិច្ច ប៉ុន្ដែវានៅតែសំខាន់ក្នុងនាមក្រុមជម្រើសជាតិ និងប្រកួតតំណាងឲ្យជាតិ គឺសមាជិកក្រុមទាំងមូលត្រូវធ្វើឲ្យបានល្អបំផុត ហេតុនេះជំនួបមិត្តភាពជាមួយឡាវ ក៏ជាឱកាសល្អសម្រាប់វាស់ស្ទង់សមត្ថភាពកីឡាករម្នាក់ៗដើម្បីត្រៀមការប្រកួតផ្លូវការនេះផងដែរ ៕

ប្រភព៖ camsports