ទូច បញ្ចរ៉ុង
ទូច បញ្ចរ៉ុង បង្ហើបបច្ចេកទេសឈូសយកបាល់ដ៏ជំនាញរបស់ខ្លួន

តំបន់ការពារជាទីតាំងយុទ្ធសាស្ត្រសំខាន់មួយនៅក្នុងបាល់ទាត់ ហើយរងសម្ពាធច្រើននៅក្នុងពេលប្រកួត ដែលទាមទារឲ្យកីឡាករលេងតួនាទីនេះ រហ័សរហួន វៃឆ្លាត និងការគិតច្បាស់ហើយរហ័សទៀតផង។

ងាកទៅមើលកីឡាករលេងតំបន់ការពារនៅលីគកំពូលកម្ពុជា គេសង្កេតឃើញថា ខ្សែការពារបឹងកេត ទូច បញ្ចរ៉ុង ជាកីឡាករជើងចាស់មួយរូប ដែលតែងបំពេញការងារលើទីលានរបស់ខ្លួនបានល្អ ពិសេសរូបគេមានបច្ចេកទេសខ្ពស់ក្នុងការផ្ដួលខ្លួនឈូសយកបាល់ (Slide Tackle) ពីជើងគូប្រជែង។

ជួបជាមួយ FOX Sports ខេមរភាសា បញ្ចរ៉ុងបានលើកយកចំនុចសំខាន់ៗមួយចំនួន ដែលធ្វើឲ្យគេអាចប្រើប្រាស់បច្ចេកទេសមួយនេះបានប្រសើរជាងខ្សែការពារដទៃ។

ទូច បញ្ចរ៉ុង
ទូច បញ្ចរ៉ុង

«សម្រាប់បាល់យើងដេញស្របទិសដៅជាមួយគូប្រកួត ពេលគូប្រកួតកំពុងគ្រប់គ្រងហើយបណ្តើរបាល់ យើងត្រូវមើលលើគម្លាតបាល់ពីជើងគេឲ្យបានច្បាស់។ ពេលយើងសង្កេតថា បាល់រាងនៅឃ្លាតពីជើងគូប្រកួតបន្តិចហើយ យើងត្រូវធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ ហើយឆ្លៀតឱកាសផ្ដួលខ្លួនឈូសយកបាល់ភ្លាមៗតែម្តង»។

«ចំពោះបាល់មួយទល់មួយហើយយើងទៅចំពីមុខគូប្រកួត គឺត្រូវសង្កេតមើលចម្ងាយដូចគ្នា តែអ្វីដែលសំខាន់ជាងនេះគឺ ពេល Slide ស្កាត់បាល់ យើងត្រូវ Slide យកឲ្យចំពីមុខជើងគូប្រកួតក្នុងចម្ងាយយ៉ាងហោចកន្លះម៉ែត្រ ទើបមានប្រសិទ្ធិភាព ហើយមិនបង្កគ្រោះថ្នាក់ដល់គូប្រកួត»។

ទូច បញ្ចរ៉ុង
ទូច បញ្ចរ៉ុង

គួររំឭកថា ខ្សែការពារមកពីខេត្តកោះកុង ទូច បញ្ចរ៉ុង ធ្លាប់ជាសមាជិកក្លិប Dolphin ភ្នំពេញក្រោន និងអគ្គស្នងការដ្ឋាននគរបាលជាតិ មុនផ្លាស់មកបឹងកេតតាំងពី ២០១២រហូតដល់បច្ចុប្បន្ន។ គេក៏ធ្លាប់បង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិ U19 U23 និងក្រុមធំពីចន្លោះឆ្នាំ ២០១១ដល់ ២០១៥ផងដែរ៕