Inoue Kazunori

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ ដែលស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុន លោក Inoue Kazunori បានចាកចេញពីមាតុប្រទេសដើម្បីធ្វើទៅកាន់ប្រទេសថៃ ហើយនាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ក្នុងន័យចូលរួមប្រកួតពានយុវជនប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-15 Championship 2019 )។

តាមការបញ្ជាក់ដោយមន្ត្រីសារព័ត៌មានប្រចាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថាសមាសភាពក្រុមទាំងមូល រួមជាមួយថ្នាក់ដឹកនាំបានចាកចេញពីមាតុប្រទេសនៅវេលាម៉ោង ៩:២៥ នាទីព្រឹក តាមជើងហោះហើរលេខ WE 587 នឹងបានទៅដល់ទីក្រុងបាងកកក ប្រទេសថៃ ដោយសុវត្ថិភាព មុននឹងបន្តដំណើរទៅកាន់ខេត្តឈុនបុរី។

U15 កម្ពុជា
U15 កម្ពុជា

ការចេញទៅប្រកួតនេះចាត់ទុកថាជាលើកដំបូងផងដែរ សម្រាប់ក្រុមយុវជនអាយុក្រោម១៥ឆ្នាំ ដ្បិតក្រុមនេះភាគច្រើនជាយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម​១៥ឆ្នាំ ដែលសហព័ន្ធទើបតែសម្រិតសម្រាំងបាន កាលពីដើមខែមីនា ជាមួយនឹងការធ្វើតេស្តសមត្ថភាពរយៈពេល ៣ថ្ងៃ ក្រោមការសង្កេត និងជ្រើសរើសដោយផ្ទាល់ពី លោក Inoue Kazunori និងខ្លះទៀតបូករួមជាមួយយុវជនពីក្លឹបអាជីពនៃលីគកំពូលកម្ពុជា ភ្នំពេញក្រោន, វិសាខា និងពីយុវជនសាលាតម្រង់ទិសខេត្តព្រៃវែង ដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ។

ជាមួយគ្នាផងដែរ នេះក៏ជាការដឹកនាំនៅក្នុងការប្រកួតពានរង្វាន់ផ្លូវការលើកដំបូង សម្រាប់ លោក Inoue Kazunori ផងដែរចាប់តាំងពីលោកត្រលប់មកជួយអភិវឌ្ឍន៍យុវជនកម្ពុជា ជាលើកទី២ កាលពីដើមឆ្នាំ២០១៩ ក្នុងកិច្ចសន្យារយៈពេល ១ឆ្នាំ រួចមក។

Inoue Kazunori

គួរដឹងដែរថា ចំពោះកម្ពុជា នៅក្នុងការប្រកួតពានរង្វាន់យុវជនអាយុក្រោម១៥ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-15 Championship 2019 ) គឺស្ថិតនៅពូល B ជាមួយ ថៃ , ម៉ាឡេស៊ី , ឡាវ , ព្រុយណេ និងអូស្ត្រាលី ខណៈការប្រកួតនឹងធ្វើឡើងពីថ្ងៃទី២៧ ខែកក្កដា ហើយនឹងបញ្ចប់នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅលើទឹកដីរបស់ប្រទេសថៃ ដោយមានប្រទេសចំនួន១២ចូលរួម បែងចែកចេញជា ២ពូល៕