Leonardo Vitorino
លោក Leonardo Vitorino ប្រាប់មូលហេតុដែលនាំចូលកីឡាករប្រេស៊ីល

នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅកីឡដ្ឋាន RSN នារសៀលថ្ងៃពុធ ទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨នេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញនូវកីឡាករចំណូលថ្មីរបស់ខ្លួន ដែលសុទ្ធតែសញ្ជាតិប្រេស៊ីល គឺ អ្នកចាំទីវ័យ ២២ឆ្នាំ Leonardo Oliveira Tavares និងខ្សែបម្រើវ័យ ២៤ឆ្នាំ Paulo Victor Soares ។

គ្រូបង្វឹកសញ្ជាតិប្រេស៊ីលដូចគ្នាដែរនោះ លោក Leonardo Vitorino បានបង្ហើបប្រាប់អំពីមូលហេតុដែលលោកនាំចូលកីឡាករសញ្ជាតិប្រេស៊ីលយ៉ាងដូច្នេះថា៖ ” ពីព្រោះប្រេស៊ីល គឺជាប្រទេសមួយដែលជោគជ័យជាងគេក្នុងពាន World Cup ហើយ ប្រេស៊ីល គឺជាប្រទេសតែមួយគត់ដែលឈ្នះពាន World Cup ៥លើក ។ ពួកគេបានបង្កើតកីឡាករកំពូលៗច្រើន ដែលនាំចេញទៅលេងទូទាំងពិភពលោក អញ្ចឹងហើយយើងត្រូវធ្វើតាមអ្វីដែលជារឿងអស្ចារ្យនៅក្នុងបាល់ទាត់ ” ។

គួររំលឹកថាក្រៅពីកីឡាករថ្មីទាំងពីររូបខាងលើ ភ្នំពេញក្រោនក៏បាននាំយកគ្រូកាយសម្បទា និងគ្រូពេទ្យចលនា ២រូបផ្សេងទៀត គឺលោក Luiz Andre Bastos Leandro និង Pedro Icaro ដែលសុទ្ធសឹងតែជាសញ្ជាតិប្រេស៊ីល មកចូលរួមជាមួយក្លិបដើម្បីត្រៀមប្រជែងក្នុងពានរង្វាន់លីគកំពូលកម្ពុជា ៕