photo of Pochettino
លោក Pochettino ផ្ទុះកំហឹងចំពោះការមានប្រៀបរបស់ Dortmund មុនប៉ះគ្នារាត្រីនេះ

លោក Mauricio Pochettino បានប្តឹងទៅកាន់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសហៅកាត់ថា FA និងក្របខ័ណ្ឌ Premier League ឲ្យជួយដល់ក្លិបអង់គ្លេស ក្នុងក្របខ័ណ្ឌ Champions League ក្រោយពីបានត្អូញត្អែ អំពីការមានពេលវេលាត្រៀមខ្លួនតិចតួចបំផុតសម្រាប់ក្រុមខ្លួន នៅមុនពេលជួបក្រុម Borussia Dortmund។

Spurs នឹងត្រូវប្រកួតជាមួយនឹងក្រុម Dortmund នៅលើទឹកដីអាល្លឺម៉ង់ នៅរាត្រីនេះ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ជើងទី២ ក្រោយពីបានយកឈ្នះលើក្រុមអាល្លឺម៉ង់មួយនេះ ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតជើងទី១ នាកីឡដ្ឋាន Wembley។ ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Pochettino វ័យ ៤៧ឆ្នាំ មិនមានការពេញចិត្តចំពោះការមានថ្ងៃសម្រាកតិចជាង ១ថ្ងៃ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតនាកីឡដ្ឋាន Signal Iduna Park របស់ក្រុម Dortmund ក្នុងវគ្គ ១៦ក្រុមចុងក្រោយនេះឡើយ។

ក្រុម Spurs បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ លើទឹកដីខ្លួនឯងពេលប្រកួតជាមួយនឹងក្រុម Arsenal ក្នុងជំនួបរវាងក្រុមស្ថិតក្នុងទីក្រុងឡុងដ៍តែមួយកាលពីថ្ងៃសៅរ៍ ស្របពេលដែលក្រុម Dortmund បានរងបរាជ័យ ២-១ នៅលើទឹកដីក្រុម Augsburg កាលពីរាត្រីថ្ងៃសុក្រ ក្នុងក្របខ័ណ្ឌ Bundesliga។ លោក Pochettino គ្រូបង្វឹករបស់ក្រុម Spurs បានឲ្យដឹងថា៖

“ពួកគេបានប្រកួតកាលពីថ្ងៃសុក្រ យើងបានលេងនៅថ្ងៃសៅរ៍។ វាមិនយុត្តិធម៌ឡើយក្នុងការលេងដោយការចាញ់ប្រៀបបែបនេះ។ យើងត្រូវការជួយពី FA និងក្របខ័ណ្ឌ Premier League។ សម្រាប់យើង វាមិនអាចទៅរួចឡើយ”។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖”យើងបានលេងការប្រកួតមួយក្នុង Premier League នៅថ្ងៃអាទិត្យ នៅមុនពេលជើងទី១ ដែលបានប្រកួតនៅថ្ងៃពុធ នៅពេលដែលក្រុម Dortmund បានលេងនៅថ្ងៃសៅរ៍។ ពេលនេះ យើងបានលេងនៅថ្ងៃសៅរ៍ Dortmund បានលេងនៅថ្ងៃសុក្រ។ ខ្ញុំមិនដឹងថា FA ឬ Premier League ឡើយ ដែលគួរត្រូវទទួលការស្តីបន្ទោស ឬក៏ទូរទស្សន៍ទេ ដែលចង់ឲ្យយើងលេងដោយផ្សាយបន្តផ្ទាល់នៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ”៕