អ្នកចាំទី Kiko Casillas បានចាកចេញពីក្លឹប Real Madrid បានក្រោយចំណាយពេល ៣ ឆ្នាំកន្លះក្នុងនាមជាអ្នកចាំទីបម្រុងដើម្បីមកចូលរួមជាមួយក្លឹប Leeds United ។ ក្លឹបខ្លាំងក្នុងលីគលំដាប់ទី ២ របស់អង់គ្លេសគឺក្លឹប Leeds United បានចុះកុងត្រាទិញយកអ្នកចាំទីដ៏មានបទពិសោធន៍ Kiko Casillas ពីក្រុម Real Madrid ដែលកុងត្រានេះមានសុពលភាព ៤ ឆ្នាំ ។

photo of Kiko Casillas
អ្នកចាំទី Kiko Casillas បានចាកចេញពី Real Madrid ទៅចូលរួមជាមួយក្លឹប Leeds United

អ្នកចាំទីដែលមានវ័យ ៣២ ឆ្នាំរូបនេះមានសេចក្ដីរាយការណ៍ថាត្រូវបានទិញទាំងនៅសល់កុងត្រាចំនួន ១៨ ខែទៀតជាមួយក្លឹប Real Madrid ប៉ុន្តែគេបានចាកចេញពីក្លឹបនេះទៅចូលរួមជាមួយក្លឹប Leeds ដោយឥតគិតថ្លៃ បន្ទាប់ពីបានចំណាយពេល ៣ ឆ្នាំកន្លះក្នុងនាមជាអ្នកចាំទីបម្រុងនៅទឹកដី Santiago Bernabeu ។

Casillas ធ្លាប់ចាកចេញពីក្លិប Real Madrid ទៅលេងនៅក្លឹប Espanyol ម្ដងដែរកាលពីឆ្នាំ ២០០៧ ដែលនៅទីនោះហើយជាពេលវេលាដែលល្អបំផុតក្នុងអាជីពរបស់គេជាពិសេសក្នុងរដូវកាល ២០១៣/២០១៤ និង ២០១៤/២០១៥ ។ ទម្រង់លេងដ៏ល្អរបស់គេក្នុងរដូវកាល ២០១៤/២០១៥ បានធ្វើឱ្យគេមានឱកាសវិលត្រឡប់ទៅលេងនៅក្លឹប Real Madrid វិញក្នុងនាមជាអ្នកចាំទីបម្រុងត្រៀមចាំជំនួស Keylor Navas ដោយបានបង្ហាញខ្លួនចំនួន ៤៣ លើកគ្រប់ការប្រកួតពានរង្វាន់ទាំងអស់ ។

យ៉ាងណាមិញចាប់តាំងពីការមកដល់របស់ Thibaut Courtois កាលពីខែសីហា Casillas គ្មានឱកាសចូលលេងទាល់តែសោះ ទើបធ្វើឲ្យរូបគេសម្រេចចិត្តផ្ទេរទៅកាន់ក្លឹប Leeds United ជំនួសវិញ ។ អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះជាកីឡាករដំបូងដែលក្រុម Leeds ចុះកុងត្រាក្នុងអំឡុងពេលដោះដូរកីឡាករនេះហើយគេត្រូវប្រជែងជាមួយអ្នកចាំទី Bailey Peacock-Farrell ដើម្បីដណ្ដើមកៅអីជម្រើសដំបូង ៕