ក្លឹប Everton បានប្រាប់ទៅខ្សែប្រយុទ្ធរបស់ក្លឹប Crystal Palace កីឡាករ Wilfired Zaha ថា គេកំពុងតែត្រៀមកញ្ចប់លុយ ៦០លានផោន បូករួមនឹងខ្សែប្រយុទ្ធម្នាក់ គឺ Cenk Tosun ដើម្បីដោះដូរនឹងរូបគេ។

Wilfired Zaha
ខ្សែប្រយុទ្ធរបស់ក្លឹប Crystal Palace កីឡាករ Wilfired Zaha

សារព័ត៌មាន Telegraph បានឲ្យដឹងថា Everton កំពុងរៀបចំកិច្ចព្រមព្រៀង ហើយដាក់ទិសដៅយ៉ាងច្បាស់ថានឹងបញ្ជូនកីឡាកររបស់គេគឺ Tosun ទៅកាន់ Crystal Palace ជាមួយនឹងទឹកប្រាក់ ៦០លានផោន ដើម្បីទទួលបាន Zaha មកកាន់ Everton វិញ។ ការបញ្ចេញឆន្ទៈដូច្នេះ ព្រោះតែ Everton ចង់ប្រជែងជាមួយ Arsenal ដែលហ៊ានដេញថ្លៃទិញ Zaha ក្នុងតម្លៃ៤០លានផោន។

Cenk Tosun
ខ្សែប្រយុទ្ធ Cenk Tosun របស់ ក្លឹប Everton

យ៉ាងណាក៏ដោយ អតីតខ្សែប្រយុទ្ធ Man Utd រូបនេះ ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ៗថា គេចង់ចូលរួមជាមួយក្លឹបណា ដែលអាចប្រកួតប្រជែងក្នុងក្របខណ្ឌ Champions League បាន ឬបើមិនដូច្នេះទេ គេអាចផ្លាស់ទៅ Arsenal ឬ Chelsea។
ប៉ុន្តែបញ្ហានោះ គឺថា Arsenal បច្ចុប្បន្ន គ្មានថវិកាឯណាដល់ទៅ ៨០លានផោន សម្រាប់តម្លៃខ្លួនរបស់ Zaha ឡើយ។ ចំណែក Chelsea វិញ គេក៏មិនអាចទិញកីឡាករថ្មីណាម្នាក់បាន ដោយសារតែជាប់បម្រាមរបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA មិនឲ្យទិញកីឡាករថ្មី រយៈពេលពេញមួយរដូវកាលក្រោយ។

Wilfired Zaha
Wilfired Zaha

សូមជម្រាបជូនថា ខ្សែប្រយុត្ធ Ivory Coast កីឡាករ Zaha បានចូលលេងក្នុងក្លឹប Crystal Palace តាំងពីឆ្នាំ ២០១០ ប៉ុន្តែលេងបាន ៣ឆ្នាំ គេក៏ត្រូវផ្លាស់ទៅ Manchester United។ បន្ទាប់មកនៅបិសាចក្រហមបានតែ ២ឆ្នាំ គេក៏ត្រូវបានក្លឹបដាក់ឲ្យលេងខ្ចីជើងទៅមក នៅក្លឹប Crystal Palace និង Cardiff City រហូតត្រូវបានក្លឹប Crystal Palace សម្រេចចិត្តទិញត្រលប់ទៅវិញ ក្នុងឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ៕