Gareth Bale
Gareth Bale ផ្លាស់ទៅកាន់ក្លឹប Jiangsu Suning

ខ្សែប្រយុទ្ធឃឆ្នើម Gareth Bale បានចេញពីក្លឹបយក្សអេស្ប៉ាញ Real Madrid មែនទែនហើយ បន្ទាប់ពីមានថ្នាក់ដឹកនាំនៃក្លឹប Jiangsu Suning ដែលកំពុងលេងក្នុងលីគកំពូលនៃប្រទេសចិនធ្វើការទាក់ទង។

ប្រភពខាងលើបានឱ្យដឹងថា សមាជិកក្រុមជម្រើសជាតិវេលស៍ វ័យ ៣០ ឆ្នាំរូបនេះនឹងត្រូវចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំដែលនឹងធ្វើឱ្យ Gareth Bale រកប្រាក់បានច្រើនជាង ១ លានផោនក្នុងមួយសប្តាហ៍ ដែលព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះមិនសូវទម្លាយឱ្យដឹងប៉ុន្មាននោះទេ ប៉ុន្តែគេជឿជាក់ថាកិច្ចសន្យានោះត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរហើយ រង់ចាំតែថ្ងៃប្រកាសជាផ្លូវការប៉ុណ្ណោះ ។ ប្រសិនបើការផ្ទេរនេះពិតជាកើតឡើងមែន នោះក្ដីស្រម៉ៃរបស់លោក Zinedine Zidane ដែលជាគ្រូបង្វឹករបស់អធិរាជស Real Madrid ក្នុងការប៉ុនប៉ងលក់ Bale ចេញពីទឹកដី Santiago Bernabeu ក្នុងរដូវក្តៅនេះបានសម្រេចហើយ ។

Gareth Bale
Gareth Bale

សូមរំលឹកផងដែរថា Gareth Bale បានកសាងភាពល្បីល្បាញ និងឈ្នះពានរង្វាន់ជាច្រើន ក្រោយពីចូលរួមជាមួយក្លឹប Real Madrid ពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក្នុងតម្លៃបំបែកកំណត់ត្រា ១០០ លានអឺរ៉ូ កាលពីឆ្នាំ ២០១៣ ។ ក្រោយពីចំណាយពេល ៦ រដូវកាលជាមួយក្លឹបយក្សអេស្ប៉ាញ កីឡាកររូបនេះជួយឱ្យក្លឹបឈ្នះពានជាច្រើន ជាពិសេសឈ្នះក្របខ័ណ្ឌ Champions League ចំនួន ៤ ដង ជាមួយការបង្ហាញខ្លួនចំនួន ២៣១ ប្រកួត ស៊ុតបញ្ចូលទី ១០២ គ្រាប់ ៕