Keisuke Honda
លោក Keisuke Honda

អ្នកចាត់ការទូទៅស្ម័គ្រចិត្តក្នុងក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានប្រកាសនៅលើ បណ្តាញសង្គមរបស់ខ្លួនអំពីការបង្រៀនលេងបាល់ទាត់ និងមានប្រាក់ឧបត្ថម្ភ ៥ដុល្លារក្នុងម្នាក់ថែមទៀតផង តែស្ថិតក្នុងលក្ខខណ្ឌមានឆន្ទះលេងតំណាងឲ្យជម្រើសជាតិកម្ពុជា ដើម្បីចូលរួមប្រកួតក្នុង World Cup តែប៉ុណ្ណោះ។

សារដែលបុរសវ័យ ៣៤ឆ្នាំជនជាតិជប៉ុនសរសេរបង្ហោះនៅលើបណ្តាញសង្គមនៅរសៀលថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩ នេះថា «ខ្ញុំនឹងផ្តល់ប្រាក់រង្វាន់ ៥ដុល្លារម្នាក់ តើមានអ្នកណាចង់ឲ្យខ្ញុំបង្រៀនបាល់ទាត់ដែរ ឬទេ? ប្រសិនបើ មាន សូមផ្ញើសារមកខ្ញុំផង។ ប៉ុន្តែមានលក្ខខណ្ឌមួយ គឺសុំចំពោះអ្នកឆន្ទះ ក្នុងការលេងជា តំណាងប្រទេស ដើម្បីចូលរួម ប្រកួតវ៉លខាប់តែប៉ុណ្ណោះ។ ខ្ញុំនឹងធ្វើការជ្រើសរើសតាមការសម្រេចរបស់ខ្ញុំ។ ខ្ញុំនឹងធ្វើការបង្រៀនដោយផ្តល់ជាថវិកាជូន»

សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងនៅមុនពេលតែ ២ថ្ងៃប៉ុណ្ណោះ ដែលអតីតកីឡាករក្នុងក្រុមជម្រើស ជាតិសា ម៉ូរៃជប៉ុន Keisuke HONDA នឹងដឹកនាំក្រុមជម្រើសជាតិគោព្រៃកម្ពុជា ប្រកួតទល់នឹងក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងវគ្គជម្រុះ FIFA World Cup 2022 ប្រចាំប្រចាំទ្វីបអាស៊ី នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក។

គួររំលឹកផងដែរថា អតីតកីឡាកររបស់ក្លឹប AC Milan, Pachuca និងក្រុម Melbourne Victory ខាងលើនេះ បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កាលពីខែសីហា ឆ្នាំ២០១៨ ក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជា ដោយពុំយកថវិកាឡើយ៕