Jurgen Klopp
លោក Jurgen Klopp

លោក Jurgen Klopp បានដាស់តឿនកូនក្រុមដោយផ្ដោតទៅលើការប្រកួតនាពេលអនាគត ជាជាងរឿងកាលពីអតីត ហើយមិនអោយកីឡាករក្នុងក្រុមនិយាយពីពាន Champions League ដែលបានឈ្នះកាលពីរដូវកាលមុនឡើយ។

Liverpool បានឈ្នះពានកំពូលរបស់អឺរ៉ុបលើកទី៦ នៅពេលដែលពួកគេបានយកឈ្នះក្រុម Tottenham ដោយលទ្ធផល ២-០ នៅទីក្រុងម៉ាឌ្រីដ កាលពីដើមខែមិថុនា បន្ទាប់ពីពួកគេរបូតពាន Premier League ដោយចាញ់ Manchester City តែមួយពិន្ទុប៉ុណ្ណោះ។

Liverpool
Liverpool

ទោះយ៉ាងណាក្ដី លោក Klopp បានអះអាងថា គ្មានអ្វីត្រូវនិយាយពីជ័យជំនះនៅអតីតកាលឡើយ ហើយលោកបានលើកទឹកចិត្តកីឡាករនៅក្នុងក្រុម អោយប្រឹងអស់លទ្ធភាពដើម្បីអាចរកបានបន្ថែមទៀតសំរាប់ Liverpool។

ក្រោយចប់ការប្រកួតមិត្តភាពនៅទឹកដីអាមេរិក លោក Klopp បាននិយាយថា៖ “បន្ទាប់ពីការប្រកួតនេះទៅ គ្មាននរណានិយាយជាមួយខ្ញុំឡើយ អំពីការឈ្នះពាន Champions League។ យើងមិនយកវាមកតាមនោះទេ ពេលនេះយើងនឹងចាប់ផ្ដើមទំព័ររដូវកាលថ្មី។

Liverpool
Liverpool

“ខ្ញុំមានក្ដីរីករាយ ប្រសិនបើយើងធ្វើបានកំរិតស្រដៀងទៅនឹងឆ្នាំមុន។ វាពិតជាមិនធម្មតាទេ។ យើងនៅមានចំណុចដែលត្រូវបំពេញបន្ថែម។ ភាពប្រាកដប្រជា ហើយស្ថិតនៅកំរិតខ្ពស់ពិតជាសំខាន់។”