ខ្សែបម្រើ​ស្លាប​ដ៏​ឆ្នើម Leroy Sane បានត្រលប់មកលេងឲ្យ Manchester City វិញចំពេល​ដែលក្រុមត្រូវប្រកួត​ជាមួយនឹង​ក្រុម Basel ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ 16ក្រុម​ចុងក្រោយ ជើង​ទី 1 នៅ​រាត្រី​នេះ។

photo of Leroy Sane
Leroy Sane និងត្រលប់មកលេងឲ្យ Manchester City វិញ

កីឡាករ​អាល្លឺម៉ង់ Leroy Sane បាន​ចូល​ធ្វើ​ការ​ហ្វឹកហាត់​វិញ​ថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ​ ក្រោយ​សំរាក​ជាងមួយ​ខែដោយសារ​របួស​កជើង​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Cardiff City កាលពី​ថ្ងៃទី28 ខែមករា កន្លងទៅ។ ការ​ជាសះស្បើយ​យ៉ាង​ឆាប់រហ័ស​របស់ Leroy Sane មានន័យថា វា​លឿន​ជាង​រយៈពេល​នៃ​ការរំពឹងទុក​ដល់ 5សប្តាហ៍ ខណៈដែល​លោក Pep Guardiola ក៏បាន​សម្តែង​នូវ​ការភ្ញាក់ផ្អើល​ផងដែរ ចំពោះ​ការ​ជាសះស្បើយ​ពីរ​បួស​កជើង​របស់​តារា​ឆ្នើម​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ។

photo of Pep Guardiola
Pep Guardiola គ្រូបង្វឹក man City

បើតាមការឲ្យដឹងពីគ្រូបង្វឹក Man City លោក Guardiola បានឱ្យដឹងថា៖ «ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំងណាស់​ដែល​រូបគេ​ឆាប់​ជាសះស្បើយ​បែបនេះ។ រូបគេ​ធ្វើការ​ហ្វឹកហាត់​ជាច្រើន រូបគេ​នៅ​ក្មេង ប៉ុន្តែ​ខ្ញុំ​មិនបាន​រំពឹងទុក​ថា រូបគេ​មាន​ភាពជា​កីឡាករ​អាជីព​បែបនេះ​សោះ»។ ហើយលោកក៏បាន​បន្ថែមទៀតថា៖ «រូបគេ​មិនទាន់​រឹងមាំ​ល្អឥតខ្ចោះ100ភាគរយ​នៅឡើយ ប៉ុន្តែ​រូបគេ​បានជា​សះស្បើយ​យ៉ាង​ឆាប់រហ័ស ហើយ​គេច​ង់​ជួយ​ដល់​ពួកយើង។ គេ​នឹង​ស្ថិតនៅ​ជាមួយនឹង​យើង ហើយ​នោះ​គឺជា​ព័ត៌មាន​ដ៏​ល្អ​មួយ»

គួរបញ្ជាក់ថា Manchester City រាត្រី​នេះ​នឹង​ត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ជើងឯក​ស្វ៊ី​ស FC Basel វគ្គ 16ក្រុម​ចុងក្រោយក្នុងការប្រកួត UEFA Champions League​។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕