Nathaniel Clyne
Nathaniel Clyne ខ្សែការពាររបស់ក្លិបហង្សក្រហម Liverpool

ខ្សែការពាររបស់ក្លិបហង្សក្រហម Liverpool កីឡាករ Nathaniel Clyne បានប្រឈមនឹងការអវត្តមានរយៈពេលយូរ ក្រោយរងរបួសដាច់សរសៃចងសន្លាក់ឆ្អឹងសំខាន់ អំឡុងការប្រកួតទេសចរណ៍មុនរដូវកាលរបស់ក្លិបនៅសហរដ្ឋអាមេរិក។

ខ្សែការពារស្តាំ Clyne បានរងរបួសនេះ អំឡុងការប្រកួតលក្ខណៈមិត្តភាពរបស់ក្រុម Liverpoolជាមួយក្រុម Borussia Dortmund នៅក្នុងរដ្ឋ Indianaកាលពីថ្ងៃសុក្រសប្តាហ៍មុន។

កីឡាករវ័យ២៨ឆ្នាំម្នាក់នេះ ដែលបានចំណាយពេលភាគច្រើនកាលពីរដូវកាលមុនជាមួយក្លិប Bournemouthលេងក្នុងក្របខណ្ឌ Premier Leagueតែមួយនោះ បានអវត្តមានស្ទើរតែពេញរដូវកាល២០១៧-១៨ ដោយសារតែរបួសខ្នង។

Nathaniel Clyne
Nathaniel Clyne

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក ជាមួយមិត្តរួមក្រុមរបស់លោកនោះទេសម្រាប់ការឈប់ដំណាក់ផ្តាច់ព្រ័ត្រអំឡុងការប្រកួតទេសចរណ៍នៅសហរដ្ឋអាមេរិករបស់ក្លិប តែផ្ទុយទៅវិញ លោកបានវិលត្រឡប់មកកាន់ទីលានហ្វឹកហាត់ Melwood របស់ក្លិប ដើម្បីចាប់ផ្តើមកម្មវិធីព្យាបាលរបួសរបស់គាត់។

អ្នកចាត់ការរបស់ក្លិប Liverpoolលោក Jurgen Klopp បាននិយាយប្រាប់វែបសាយរបស់ក្លិប ថា អ្វីដែលលោកអាចនិយាយបាននៅពេលនេះ គឺសុំឲ្យកីឡាករ Clyneyឆាប់ជាសះស្បាយពីរបួស។ គាត់ហ្វឹកហាត់ និងលេងបានល្អណាស់ គាត់កំពុងតែបង្ហាញទម្រង់លេងដ៏ចំណានរបស់គាត់៕