photo of Neymar
Neymar សារភាពថា Barce តែងតែជាក្លឹបក្នុងក្ដីសុបិន្តរបស់ខ្លួន និងចង់វិលត្រឡប់ទៅវិញ

បន្ទាប់ពីមានពាក្យចរចាអារ៉ាមបាននិយាយថា Neymar គ្រោងនឹងវិលត្រឡប់ទៅចូលរួមជាមួយក្លឹប FC Barcelona វិញ ពេលនេះសាម៉ីខ្លួនបានចេញមកនិយាយអំពីពាក្យចរចាអារ៉ាមទាំងនេះហើយ ។ Neymar បានសម្រេចចាកចេញពីទឹកីឡដ្ឋាន Camp Nou ដែលបានបង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទូទាំងពិភពលោកកាលពីរដូវក្ដៅឆ្នាំ ២០១៧ ដោយបានចូលរួមជាមួយក្លឹបយក្សរបស់បារាំង Paris Saint-Germain ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោកចំនួន ២២២ លានអឺរ៉ូ ។

ការចាកចេញរបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ ២៧ ឆ្នាំរូបនេះត្រូវបានមតិសារធារណៈនិយាយថារូបគេចង់គេចចេញពីស្រមោលកំពូលកីឡាករ Lionel Messi នៅក្នុងក្លឹបអ្នកមានបុណ្យ Barcelona ដើម្បីស្វែងរកទ្រនំថ្មីដែលអាចធ្វើឲ្យរូបគេក្លាយជាកីឡាករកំពូលនៅក្នុងពិភពលោក ប៉ុន្តែអ្វីៗដែលរំពឹងទុកត្រូវរលាយដូចអំបិលត្រូវទឹកបន្ទាប់ពីវត្តមានរបស់ខ្សែប្រយុទ្ធវ័យក្មេងរបស់បារាំង Kylian Mbappe នៅក្នុងក្រុមជាមួយ Neymar ខណះកីឡាករទើបតែនឹងវ័យ ២០ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងស្ទើរតែមិនគួរឲ្យជឿដោយបានជួយឲ្យក្រុមមាន់គក់បារាំង លើកពានរង្វាន់ World Cup 2018 នៅរុស្ស៊ី និងជួយឲ្យ PSG ប្រមូលពានទាំងអស់នៅក្នុងប្រទេសបារាំងកាលពីរដូវកាលមុនថែមទៀតផង ហើយបច្ចុប្បន្នអ្នកគាំទ្របានចាត់ទុក Mbappe ជានិមត្តរូបនៅក្នុងក្រុម PSG ជាជាង Neymar ទៅវិញ ខណះរដូវកាលនេះ Mbappe ស៊ុតបញ្ចូលទីស្ទើរគ្រប់ការប្រកួតដោយរកបាន ២៤ គ្រាប់នៅក្នុងក្របខ័ណ្ឌ Ligue 1  ដែលជាអ្នករកគ្រាប់បាល់ច្រើនបំផុតនៅក្នុងលីគកំពូលអឺរ៉ុបទាំង ៥ លំដាប់ទី ២ បន្ទាប់ពី Lionel Messi ( រកបាន ២៥ គ្រាប់ ) ។

ក្រោយពីគេចពីស្រមោល Lionel Messi នៅក្នុងក្លឹប FC Barcelona បែជាមកស្ថិតក្រោមស្រមោលតារាទើបតែនឹងរះ Kylian Mbappe នៅក្នុងក្លឹបអ្នកមាន Paris Saint-Germain ទៅវិញ និងមើលឃើញក្លឹបនេះពិបាកនឹងឈ្នះពានរង្វាន់លំដាប់ទីមួយរបស់អឺរ៉ុប ( UEFA Champions League ) ធ្វើកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់រូបនេះសម្លឹងចាកចេញពីទឹកដីបារាំងត្រឡប់ទៅកាន់ទឹកដីប្រទេសអេស្ប៉ាញវិញ ដោយមានពាក្យចរចាអារ៉ាមជារឿយៗថារូបគេអាចនឹងផ្ទេរទៅកាន់ក្លឹប Real Madrid ឬក៏វិលទៅកាន់ក្លឹបចាស់របស់ខ្លួន Barcelona វិញ ។ ខណះក្នុងពេលថ្មីៗនេះ Neymar បានព្រលយអំពីអណាគតរបស់ខ្លួនឲ្យដឹងផងដែរ ។

Neymar បាននិយាយថា៖ ” អ្នករាល់គ្នាដឹងពីសុបិនដែលខ្ញុំបានសម្រេចរួចហើយ ។ Barcelona តែងតែជាក្តីសុបិន្តរបស់ខ្ញុំ ជាអ្វីដែលខ្ញុំធ្លាប់និយាយចាប់តាំងពីកុមារភាព ។ ខ្ញុំអាចសម្រេចបាន ដូច្នេះក្តីសុបិន្តរបស់ខ្ញុំត្រូវបានបំពេញ ” ៕