Photo of Philippe Coutinho
Philippe Coutinho of Barcelona

បន្ទាប់​ពី​ក្លាយ​ជា​កីឡាករ​ Barcelona ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ច័ន្ទ ខ្សែ​បម្រើ​ប្រយុទ្ធ Philippe Coutinho ក្នុង​ថ្ងៃ​នេះ បាន​ប្រកាស​ថា វីរបុរស​ក្លឹប​អ្នក​មាន​បុណ្យ ខ្សែ​ប្រយុទ្ធ Ronaldinho ជា​កីឡាករ​និមិត្តរូប​របស់​ខ្លួន។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ក្លឹប​អ្នក​មាន​បុណ្យ កីឡាករ​ Coutinho បាន​និយាយ​ថា៖ “តាម​ពិត​ទៅ មាន​កីឡាករ​ប្រេស៊ីល​ជា​ច្រើន​ដែល​សុទ្ធ​សឹង​តែ​មាន​អាជីព​មួយ​ដ៏​ជោគជ័យ​នៅ​ក្លឹប Barcelona ប៉ុន្តែ Ronaldinho គឺ​ជា​កីឡាករ​មួយ​រូប​ដែល​តែង​តែ​ជា​និមិត្តរូប​របស់​ខ្ញុំ”។

photo of Ronaldinho
Ronaldinho

ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ បាន​បន្ត​ទៀត​ថា៖ “ខ្ញុំ​សង្ឃឹម​ថា អ្វី​គ្រប់​យ៉ាង​នឹង​ដំណើរ​ការ​ទៅ​បាន​យ៉ាង​ល្អ។ ខ្ញុំ​នឹង​ខិត​ខំ​ព្យាយាម​ថែម​ទៀត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រំពឹង​ទុក​ដែល​ក្លឹប​មាន​មក​លើ​ខ្ញុំ តាំង​ពេល​ហ្វឹក​ហាត់ និង​ពេល​ប្រកួត”។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ថ្ងៃ​ទី ៧​មករា​កន្លង​ទៅ ក្លឹប Barcelona បាន​ធ្វើ​ការ​ផ្ទេរ ខ្សែ​បម្រើ​ប្រយុទ្ធ Coutinho ពី​ក្លឹប​ហង្ស​ក្រហម Liverpool ក្នុង​តម្លៃ​ផ្ទេរ ១៤២​លាន​ផោន ដែល​ទិន្នន័យ​នេះ​បាន​ធ្វើ​ឲ្យ​កីឡាករ​ប្រេស៊ីល​រូប​នេះក្លាយ​ជា​កីឡាករ​ថ្លៃ​បំផុត​ទី ២​ក្នុង​កំណត់​ត្រា​បាល់​ទាត់៕

ប្រភពពី៖ mirror