photo of Paulo Dybala
ខ្សែប្រយុទ្ធ Paulo Dybala

ក្លិបបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur បានទាក់ទងទៅកាន់ក្លិបសេះបង្កង់ Juventus ដើម្បីចរចាទិញយកខ្សែប្រយុទ្ធ Paulo Dybala ក្នុងតម្លៃខ្លួន ៨០លានផោន។

Spus បានទាក់ទងជាផ្លូវការទៅកាន់ក្លិបមានមូលដ្ឋាននៅទីក្រុង Turin ជុំវិញការផ្ទេរខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ Dybala ជាមួយតម្លៃខ្លួនបំបែកឯតទគ្គកម្មរបស់ក្លិប។ Spurs ជឿថានឹងអាចនាំយកខ្សែប្រយុទ្ធរូបនេះ មកកាន់តំបន់ខាងជើងនៃទីក្រុងឡុងដ៍ នាទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកនេះ។

Dybala គឺជាខ្សែប្រយុទ្ធមួយរូបរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន និងត្រូវបានគេស្គាល់ថាជាខ្សែប្រយុទ្ធមួយរូប ដែលល្អនៅលើលោក ហើយទម្រង់លេងល្អរបស់គេអាចនឹងមានភាពប្រសើរឡើងក្រោមការដឹកនាំរបស់លោក Mauricio Pochettino។ Dybala មិនសូវមានឱកាសបង្ហាញសមត្ថភាពនៅ Juventus នោះទេ ក្រោយការមកដល់របស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ដោយអាចរកគ្រាប់បាល់បានត្រឹម ១០គ្រាប់ ប៉ុណ្ណោះកាលពីរដូវកាលមុន។

Mauricio Pochettino
អ្នកចាត់ការទូទៅរបស់ Spurs លោក Mauricio Pochettino

កាលពីខែកុម្ភៈ ក្រោយចប់ការប្រកួតវគ្គ ១៦ក្រុមពានរង្វាន់ Champions League ទល់នឹង Juventus អ្នកចាត់ការទូទៅរបស់ Spurs លោក Mauricio Pochettino បាននិយាយពី Dybala ថា ”គេបង្ហាញសមត្ថភាពនៅលើទីលានពិតជាអស្ចារ្យ បើទោះបីជាគេមានកំហុសបន្តិចបន្តួចក៏ដោយ។”

សូមបញ្ជាក់ដែរថា បើសិនជាឈានដល់ការផ្ទេរ Dybala មកលេងនៅទឹកដីអង់គ្លេសមែននោះ តម្លៃ ៨០លានផោន នេះនឹងក្លាយជាតម្លៃថ្លៃបំផុតរបស់ Spurs ក្នុងការទិញកីឡាករចូល។ ខណៈកីឡាករដែលកំពុងឈរឈ្មោះជាកីឡាករដែលថ្លៃជាងគេនៅ Spurs បច្ចុប្បន្ន គឺខ្សែបម្រើជម្រើសជាតិបារាំង Tanguy Ndombele ដែល Spurs ទិញពី Lyon កាលពីដើមខែនេះ។

 Tanguy Ndombele
ខ្សែបម្រើជម្រើសជាតិបារាំង Tanguy Ndombele